ប្រយោជន៍ក្នុងលោកនេះដែលកំពុងរស់នៅជាមនុស្ស ត្រូវប្រកបការងារ ៤ យ៉ាង - Norkor Chenla News


ប្រយោជន៍ក្នុងលោកនេះដែលកំពុងរស់នៅជាមនុស្ស ត្រូវប្រកបការងារ ៤ យ៉ាង

Share knowledge

 (ពុំមានឱវាទណាមួយ  ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រដៅឱ្យមនុស្ស  និង  ទេវតា  មានសេចក្តីខ្ជិលឡើយ )ចុចអានបន្តPDF...  https://5000-years.org/kh/play/9299/5

 • ពុំមានឱវាទណាមួយ  ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រដៅឱ្យមនុស្ស  និង  ទេវតា  មានសេចក្តីខ្ជិលឡើយ  ប៉ុន្តែទ្រង់ត្រាស់សំដែងអំពីមនុស្សពាល  ព្រោះកាត់បង់នូវប្រយោជន៍ទាំង ពីរ  គឺប្រយោជន៍ក្នុងលោកនេះ  និងប្រយោជន៍ក្នុងលោកខាងមុខ  ។ https://5000-years.org/book/9299/chumnuoysati06.pdf  ប្រយោជន៍ក្នុងលោកនេះ  បានដល់ក្នុងលោកដែលកំពុងរស់នៅ  មានអត្តភាពជាមនុស្ស  ត្រូវប្រកបការងារ  ៤  យ៉ាង  ដើម្បីប្រយោជន៍សម្រាប់អ្នកដទៃផង  ការងារ  ៤  យ៉ាងនោះគឺ  : 

         ១ ~ #ឧដ្ឋានសម្បទា 

- #ឧដ្ឋាន  ប្រែថា  កិរិយាតាំងឡើង  កិរិយាក្រោកឡើង  សេចក្តីព្យាយាម  សេចក្តីក្រវើនក្រតើន  ។

- #សម្បទា  ប្រែថា  កិរិយាដល់ព្រមឬធម្មជាតិជាហេតុដល់ព្រម  ។

         កិរិយាដល់ព្រមដោយសេចក្តីព្យាយាម  គឺជាការងារ  ទី  ១  សម្រាប់ប្រយោជន៍ក្នុងបច្ចុប្បន្ន  ភាគច្រើនមនុស្សយើងតែងយល់ច្រឡំ  ឧដ្ឋានសម្បទាជាមួយគ្នានឹងលោភៈ  ដូច្នេះហើយទើបសេចក្តីក្នុងអត្ថបទណា  ដែលពោលអំពីទោសរបស់លោភៈ  គេតែងមានគំនិតទាស់  ព្រោះគិតថាអត្ថបទនោះ  ពោលទោសសេចក្តីប្រឹងប្រែងព្យាយាមរបស់គេ  មិនចង់ឱ្យគេមានបាន  ក្នុងសេចក្តីនេះវាមានការខ្វះខាតផងដែរ  ចំពោះការពោលអំពីសេចក្តីសន្តោសនៃបុគ្គលខ្លះ  ដែលគ្រាន់តែពោលរម្លឹកខ្លីៗថា  « កុំឱ្យប្រឹងខ្លាំងពេក  ស្លាប់ទៅមិនមែនយកទៅបានទេ »  ។

         ឧដ្ឋានសម្បទាមានការឧស្សាហ៍ជាលក្ខណៈ  https://5000-years.org/kh/play/9299/5ប៉ុន្តែលោភៈមានការប្រកាន់ក្នុងអារម្មណ៍ដោយការជាប់ជំពាក់ជាលក្ខណៈ  ។  ឧដ្ឋានសម្បទា  មានការប្រឹងប្រែងស្វែងរកទ្រព្យសម្បត្តិ  ដោយការងារប្រពៃ  ប្រាសចាក ទោស  ប្រាសចាកការចិញ្ចឹមជីវិតខុសជាសម្បត្តិដ៏ប្រសើរ  មានឆន្ទៈពេញចិត្តក្នុងការងារដែលរកទោសពុំបាននោះ  ជាគ្រឿងទ្រឱ្យកម្លាំងដល់សេចក្តីព្យាយាមពុំដាក់ចុះនូវធុរៈព្រោះសេចក្តីខ្ជិលឡើយ  ដូច្នេះ  ឧដ្ឋានសម្បទា  រមែងធ្ងន់ក្នុងហេតុ  គឺការងារស្អាតស្អំនិងមិនមើលងាយចំពោះជនដែលបានមក  ព្រោះជាផលនៃការងារដែលប្រាសចាកទោស  ទោះបីជាផលតិចឬច្រើនយ៉ាងណាៗក្តី  ក៏មានសេចក្តីសន្តោស  ត្រេកអរចំពោះសម្បត្តិដែលជាផលនោះ  តាមមានតាមបាន  ស្កប់ស្កល់ក្នុងចិត្ត  បានយល់ដល់ការពិតថា  ផលដែលបានសម្រេចមកនេះ  សមគួរតាមហេតុ  ប្រៀបដូចជាចំនួន  ១០  វាជាផលរបស់ចំនួន  ៥  បូកនិងចំនួន  ៥  អ៊ីចឹងឯង  ។

         លោភៈពុំបានគិតផ្ចិតផ្ចង់ចំពោះហេតុ  គឺការងារឱ្យបានស្អាតស្អំនោះទេ  រមែងធ្ងន់ក្នុងផលដែលត្រូវបានសម្រេច  ព្រោះការជាប់ជំពាក់ចិត្តយ៉ាងធ្ងន់ទៅក្នុងផលយ៉ាងនេះ  ទើបវាជាបច្ច័យតាក់តែងឱ្យធ្វើនូវការងារសៅហ្មងបាន  ដូចជាជំនួញ  ៥  ប្រការជាដើម  លក់ស្រា  លក់ស្រី លក់គ្រឿងប្រហារ  ថ្នាំពិស  ថ្នាំបំពុល  ចេះតែលក់គ្មានយល់អំពីទោសអ្វីៗទាំងអស់  មាន់ទាក្រពើជ្រូក  ៘  ចិញ្ចឹមលក់ផងដែរ  ម្យ៉ាងទៀតបើថារបស់របរនោះសមគួរនឹងលក់ហើយ  ប៉ុន្តែដោយលោភៈនឹងចំណេញពេក ក៏ហ៊ានពោលកុហកដោយរបៀបផ្សេងៗ  មានមុខរបរខ្លះទៀត  លួចលាក់បោកប្រាស់  បន្លំទម្ងន់សុីភ្នែកជញ្ជីង  របស់ក្លែងថាសុទ្ធ  របស់ការឡៃថាពិត  របស់ជិតថាមកអំពីនាយ  ៘  និង  ៘  ការងារសៅហ្មងប្រកបដោយទោស  មានច្រើនទៀតណាស់  ព្រោះហេតុតែលោភៈជាប់ជំពាក់ក្នុងផលកម្រៃនោះឯង  ។

         ទោះបីការងារមិនបៀតបៀនសត្វដទៃមនុស្សដទៃក៏ដោយ  ប៉ុន្តែលក្ខណៈរបស់លោភៈ  គឺជាប់ជំពាក់ធ្ងន់ក្នុងសម្បត្តិដែលជាផល  ញាប់ញ័រអន្ទះសាខ្វារក  វាខុសអំពីឧដ្ឋានសម្បទា  ដែលធ្ងន់ក្នុងហេតុ  គឺជម្រះក្នុងកិច្ចការងារឱ្យស្អាតស្អំ  មានសីល  មានសម្មាទិដ្ឋិ  ជាគ្រឿងគ្រប់គ្រង  ពេញចិត្តក្នុងមុខរបរ  ឬការចិញ្ចឹមជីវិត  ដែលបរិសុទ្ធ  សន្ដោសចំពោះផលដែលត្រូវបានពោលគឺមិនឱ្យលោភៈសក្ការៈ  ផលកម្រៃគ្របសង្កត់ចិត្ត  ហើយចិញ្ចឹមជីវិតខុសនោះឡើយ  ។

         ២ - #អារក្ខសម្បទា  -  ដល់ព្រមដោយការរក្សាថែទាំសព្វគ្រប់  ជាទូទៅនូវសម្បត្តិដែលមាន  ដែលស្វែងរកបាន  នេះមិនមែនជាលក្ខណៈនៃការប្រកាន់មាំ  ឬស្វិតកំណាញ់នោះទេ  ប៉ុន្តែជារឿងមារយាទប្រពៃ  មិនប្រហែសធ្វេស  ។  ទ្រព្យសម្បត្តិដែលបានមកប្រកបដោយធម៌  ជាផលនៃឧដ្ឋានសម្បទា  កាលណាបើគ្រប់គ្រងការពារបានល្អ  វាធ្វើឱ្យមានលំនឹងក្នុងការងារដែលស្អាតស្អំ  ដោយមិនគិតរាយមាយក្នុងការងារប្រចាំថ្ងៃ  មិនមែនមិនឱ្យអស់ខ្លះទៅនោះទេ  តែកុំឱ្យអស់ក្នុងអបាយមុខ  កុំឱ្យអស់ដោយការធ្វេសប្រហែសផ្សេងៗ  មិនមែនប្រឆាំងជាមួយធម៌អនិច្ចំទេ  ប៉ុន្តែអារក្ខសម្បទាមានឧបការៈជួយដល់ឧដ្ឋានសម្បទា  ក្នុងការប្រឆាំងជាមួយមិច្ឆាជីវៈ  គឺការចិញ្ចឹមជីវិតមិនបរិសុទ្ធរបស់ខ្លួនឯង  ។

         អារក្ខសម្បទាមិនមែនបដិសេធចោលនូវធម៌ជាអនត្តាដែលថាមិនមែនតួខ្លួន  មិនមានអ្វីជារបស់ខ្លួននោះទេ  អនត្តាគឺជាលក្ខណៈនៃបរមត្ថធម៌  ឯចំណែកអារក្ខសម្បទាគឺជាមារយាទប្រពៃ  ប្រព្រឹត្តទៅជាមួយមហាកុសលច្រើនបែប  មានបញ្ញត្ដិជាអារម្មណ៍  ។  មារយាទប្រពៃក្នុងការថែទាំរក្សានូវទ្រព្យសម្បត្តិ  ជាបុព្វហេតុនៃការធ្វើទានដោយគោរព  រក្សាសីលដោយគោរព  និង  គោរពក្នុងបុណ្យកុសលផ្សេងៗទៀត  ផ្ទុយមកវិញ  មនុស្សអត់មារយាទគឺមារយាទអន់  រមែងខ្ជីខ្ជា  ខ្ជះខ្ជាយនូវទ្រព្យសម្បត្តិ  មិនប្រយ័ត្នត្រូវបាត់បង់  ឯចំណែករបស់ប្រើប្រាស់  ប្រើដៃធ្ងន់នាំឱ្យឆាប់ខូចខាត  បានលុយមកសង្វាតរកថ្មី  សូម្បីមុខរបរទទួលទានក៏មិនឆ្លាត  រកចេះតែខាត  ទិញអស់លុយច្រើន  លក់ទៅវិញបានលុយតិច  ឃើញថាប្រឹងណាស់ដែរ  ប៉ុន្តែជំពាក់ប្រាក់គេជុំទិស  ម្លោះហើយមានទឹកចិត្ដឯណាក្នុងការធ្វើទានរក្សាសីល  ដូច្នេះមារយាទអន់ចូលក្នុងប្រធាននៃសេចក្តីវិនាស  ។

         អារក្ខសម្បទា  គឺជាកិច្ចការដើម្បីប្រយោជន៍ក្នុងជីវិតបច្ចុប្បន្ន  ជារបងឬជាអ្នកយាម  ឱ្យបានគង់វង្សនូវទ្រព្យសម្បត្តិសម្រាប់រស់  ជាកាំជណ្តើរឡើងទៅរកប្រយោជន៍អនាគត  និងប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុត  បានដល់ការរំលត់ទុក្ខទាំងពួង  ។

         អារក្ខសម្បទា  ប្រៀបដូចជាភរិយាដែលជានារីគ្រប់លក្ខណ៍  មានមារយាទល្អ  ចេះទុកដាក់ថែទាំនូវទ្រព្យសម្បត្តិដែលស្វាមីស្វែងរកបានមក  ឯចំណែកឧដ្ឋានសម្បទា  ប្រៀបដូចស្វាមីដែលប្រឹងប្រែងខ្មីឃ្មាត  ធ្វើការប្រមូលទ្រព្យចិញ្ចឹមបុត្រភរិយាដោយល្អ  ។

         ៣ - #កល្យាណមិត្តតា  -  ជាអ្នកមាននូវមិត្តល្អ  ជ្រើសរើសមនុស្សសម្រាប់សេពគប់  ដាច់ខាតត្រូវប្រយ័ត្នឱ្យណាស់  កុំឱ្យសេពគប់ជាមួយមនុស្សផ្តេសផ្តាស  ។

         មិត្តល្អមានឧបការៈជួយឱ្យកិច្ចការបានសម្រេច  ជួយមិនឱ្យបាត់បង់នូវការងារល្អ  ជួយដល់សម្បទាទាំងពីរខាងដើមឱ្យកាន់តែចម្រើន  ខ្ញុំព្រះករុណា  ខ្ញុំបាទបានសរសេរច្រើនហើយអំពីមិត្តប្លមនិងមិត្តមិនល្អ  ក្នុងសៀវភៅ  #មនុស្សជាមួយនឹងការងារ  ដូច្នេះក្នុងសៀវភៅនេះមិនបានអធិប្បាយច្រើនទេ  គ្រាន់តែបញ្ជាក់ពួកធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែង  អំពីប្រយោជន៍បច្ចុប្បន្នទាន់ភ្នែកតែប៉ុណ្ណោះ  ។

         ប្រយោជន៍គ្រប់យ៉ាងដែលត្រូវបានសម្រេច  រមែងសម្រេចអំពីការងារដោយសេចក្តីប្រឹងប្រែងធ្វើការ  មិនមែនបានមកអំពីការខ្ជិលច្រអូសឡើយ  សូម្បីតែនៅក្នុងរឿងកល្យាណមិត្តនេះ  ក៏ព្រះសម្មាសម្ពុទ្ធត្រាស់សំដែងរឿយៗ  អំពីគុណប្រយោជន៍ទាំងផ្លូវលោកទាំងផ្លូវធម៌  ដើម្បីឱ្យពុទ្ធបរិស័ទយកចិត្តទុកដាក់ក្នុងរឿងសេពគប់  ត្រូវមានស្មារតីប្រឹងប្រែងប្រុងប្រយ័ត្នក្រែងលោរបៀបដូចអជាតសត្តុ  ដែលត្រូវទោសអនន្តរិយកម្ម  ព្រោះសេពគប់ជាមួយទេវទត្ត  ។

         វល្លិល្វីងសោះទេ  ប៉ុន្តែក្លាយទៅជាតំណាប់  ព្រោះនៅជាមួយស្ករ  សេះល្អទៅជាខ្ចកជើងព្រោះរៀនដើរតាមម្ចាស់ដឹកមុខ  ដែលម្ចាស់នោះខ្ចកជើង  សូម្បីគេមិនបានបង្រៀនវាក៏ដោយ  តែនេះព្រោះការនៅរួមជាមួយ  ឬម្យ៉ាងទៀតដូចជាផ្លែឈើឬផ្កាឈើ  ក៏អាចកាត់ឆ្លងគ្នាបាន  ដោយអំណាចការដុះនៅជិតគ្នាដែរ  ចាំបាច់និយាយថ្វីចំពោះមនុស្ស  ដែលតែងតែនិយមធ្វើតាមៗគ្នានោះ  ។

         បុរសម្នាក់ត្រូវស្លាប់ដោយសារការយកខ្លាឃ្មុំជាមិត្ត  នេះតាមរឿងនិទាន  ដែលមានសេចក្តីថា  មានបុរសម្នាក់ត្រូវការដេកក្នុងព្រៃ  ទុកឱ្យខ្លាឃ្មុំជាមិត្តនៅយាមការពារ  ពេលគាត់ដេកលក់ទៅ  ក៏មានសត្វល្អិតមួយហើរមកទំខ្លួនគាត់  ខ្លាឃ្មុំយកចិត្តទុកដាក់ដេញសត្វល្អិតនោះណាស់  ប៉ុន្តែសត្វល្អិតពុំព្រមហើរទៅឆ្ងាយសោះ  ដេញចុះដេញឡើងវាបានហើរមកទំត្រង់ចុងច្រមុះនៃបុរសនោះឯង  ខ្លាឃ្មុំនឹកខឹងសត្វល្អិតនោះជាខ្លាំង  ❝ យីអើ !  អាព្រហើននេះស្មានថាអញមិនហ៊ានសម្លាប់ឯងឬ ❞  រួចទៅខ្លាឃ្មុំបានលើកដុំថ្មយ៉ាងធំ  គប់សម្លាប់សត្វល្អិតដែលទំត្រង់ច្រមុះនោះ  ចំណែកមនុស្សក៏ត្រូវបែកក្បាលស្លាប់ទៅដែរ  នេះជាគតិប្រាប់កុំឱ្យទុកចិត្ត  ឬសេពគប់ជាមួយនឹងមនុស្សល្ងង់ខ្លៅ  ។

         ៤ - #សមជីវិតា  -  មានការចិញ្ចឹមជីវិតស្មោះស្មើដោយប្រពៃ  មិនក្បិតក្បៀតពេក  ហើយក៏មិនខ្ជោកខ្ជាកពេកដែរ  ។

         គំនិតលៃលកថ្លឹងថ្លែងបែងចែក  គឺជាជញ្ជីងជីវិត  ការរស់នៅត្រូវមានតុល្យភាពក្នុងរឿងចំណូលនិងចំណាយ  ។  ចូលច្រើនចាយតិចក៏គង់អស់  ព្រោះរបស់មិនទៀង  ទាំងទ្រព្យសម្បត្តិ  ទាំងជីវិត  ប៉ុន្តែបើចំណូលនោះវាតិច  ក៏ត្រូវរឹតត្បិតទៅតាមហ្នឹងដែរ  ចាយខ្ជោកខ្ជាកពេកក៏មិនកើត  ដូច្នេះត្រូវចេះលៃលក  កុំឱ្យមានឈ្មោះថា  កំណាញ់ក្រៅតម្រា  ឬថាមនុស្សកញ្ជើធ្លុះ  ។

         របស់របរប្រើប្រាស់ត្រូវចេះសន្សំសំចៃ  កុំឱ្យអ្វីៗរកតែចាស់មិនទាន់  រហ័សរហន់រកថ្មី  ត្រូវចេះលៃលកទុកដាក់សម្រាប់ការពារពេលមានវិបត្តិផ្សេងៗ  មិនមែនហាមមិនឱ្យចាយទេ  ប៉ុន្តែកុំឱ្យសប្បាយតែពីរឿងចាយពេក  របស់មានប្រើហើយប្រើសិនទៅ  បើថាប្រាក់នោះវាច្រើនណាស់  ក៏លៃលកធ្វើទានជួយអ្នកអត់អ្នកឃ្លាន  ឬក៏ជួយដល់សង្គមក្រុមគ្រួសារ  ឬថាសង្គមធំៗតទៅទៀតទៅ  ។

         មានមនុស្សច្រើនណាស់  កាលដែលមិនទាន់សម្បូររបស់ប្រើប្រាស់  ផ្ទះតូចអាចនៅបាន  ដល់ទៅត្រូវរកលុយបានក៏ភ្លើតភ្លើននឹងសម្ភារៈ  ផ្ទះតូចក៏ចង្កៀត  ផ្ទះធំក៏ចង្អៀត  ផ្ទះល្វែងថានៅមិនស្រួល  ព្រោះវាហប់  ម្យ៉ាងទៀតថាព្រោះវានៅជាប់គ្នា  គ្រឹះស្ថានថានៅមិនបានដែរ  ព្រោះវាអ៊ូអែពេក  ៘  ការមិនស្កប់ស្កល់ធ្វើឱ្យមនុស្សដោះបំណុលពុំរួច  ត្រូវជំពាក់បំណុលកាមតណ្ហារហូត  ។

         សម្បទា  ៤  យ៉ាង  សម្រាប់ប្រយោជន៍បច្ចុប្បន្ន  ជាការបញ្ជាក់ថា  ព្រះពុទ្ធសាសនាមិនមែនប្រដៅមនុស្សឱ្យខ្ជិលទេ  ប៉ុន្តែប្រដៅឱ្យមនុស្សឧស្សាហ៍ព្យាយាមក្នុងផ្លូវត្រូវ  ប្រដៅឱ្យមនុស្សមាននូវមារយាទល្អ  ឱ្យមនុស្សចេះស្គាល់មនុស្សដែលគួរសេពគប់ឬមិនគួរ  ព្រមទាំងប្រដៅឱ្យចេះស្គាល់ខ្លួនឯង  ឱ្យចេះគោរពតួនាទីរបស់ខ្លួន  ដឹងប្រមាណក្នុងការរស់នៅ  ។

         មនុស្សយើងរមែងប្រាថ្នា  សុំឱ្យអាត្មាអញបាននូវភោគសម្បត្តិ  បើបានមកប្រកបដោយធម៌រឹងរឹតតែប្រសើរ  បំណងប្រាថ្នានេះ  វាជាធម្មជាតិតែងតែមានជាធម្មតា  សម្រាប់មនុស្សគ្រប់គ្នា   បំណងប្រាថ្នានេះជាបរមត្ថធម៌  ពុំមែនជាបុគ្គលណាឡើយ  នេះជាបំណងប្រាថ្នា  ទី  ១  ។

         មនុស្សយើងសម្បូរភោគសម្បត្តិហើយ  សេចក្តីប្រាថ្នាពុំចប់ឡើយ  នៅប្រាថ្នាសុំឱ្យអាត្មាអញប្រកបដោយយស  ទោះជាកិត្តិយសក្តី  បរិវារយសក្តី  ឥស្សរិយយសក្តី  ក៏មានសេចក្តីពេញចិត្តទាំងអស់   រួចទៅនៅប្រាថ្នាញាតិមិត្តព្រមទាំងកូនចៅទៀតផង  នេះជាបំណងប្រាថ្នា  ទី  ២  ។

         ទ្រព្យសម្បត្តិសម្បូរហើយ  ព្រមទាំងយសសព្វគ្រប់ទាំងអស់  មានពួកញាតិ  មានពួកគាំទ្រ  មានកូនមានចៅ  ប៉ុន្តែនៅប្រាថ្នាសុំឱ្យអាត្មាអញអាយុវែង  រស់នៅបានយូរ  នេះជាបំណងប្រាថ្នា  ទី  ៣  ។

         បំណងប្រាថ្នា  ទី  ៤  គឺក្រោយអំពីអាត្មាអញស្លាប់ទៅ  សុំឱ្យបានទៅកាន់សុគតិភពទេវលោក  ។  នេះឯងជាបំណងប្រាថ្នា  ជាទីត្រូវការ  ជាទីស្រលាញ់  ជាទីពេញចិត្ត  រកបានដោយកម្រក្នុងលោកគឺ  ចំពោះវត្ថុបំណងទាំង  ៤  យ៉ាង  ។

                   សម្បទា  ៤  យ៉ាង  គឺ

១  -  សទ្ធាសម្បទា

២  -  សីលសម្បទា

៣  -  ចាគសម្បទា

៤  -  និង  បញ្ញាសម្បទា

ជាហេតុនាំឱ្យបានសម្រេចនូវវត្ថុបំណង  ៤  ប្រការ   ដូចដែលបានរៀបរាប់រួចហើយ  បើសម្បទា  ៤  យ៉ាងនេះ  មានអំពីជាតិមុនៗមក  ក៏នាំឱ្យបានសម្រេចនូវវត្ថុបំណង  ៤  ប្រការក្នុងជាតិនេះ  បើមានក្នុងជាតិនេះក៏សម្រេចប្រយោជន៍ទាំងក្នុងជាតិនេះ  ទាំងក្នុងជាតិមុខវែងឆ្ងាយ  ដូច្នេះ  សម្បទា  ៤  យ៉ាង  គឺជាទីពឹងរបស់សត្វទាំងឡាយនៅពេលជិតស្លាប់ផង  ជាទីពឹងក្នុងលោកខាងមុខផង  ។

         អត្ថបទពោលអំពីសេចក្តីសន្តោសនេះ  ជាធម្មទានជួយឱ្យមនុស្សរស់នៅក្នុងសេចក្តីស្ងប់  សប្បាយជាប្រក្រតីក្នុងជីវិតរាល់ៗថ្ងៃ  មិននៅក្នុងការគ្របសង្កត់របស់លោភៈ  មានសេចក្តីក្សេមក្សាន្ត  ព្រោះបាននូវគំនិតយល់ត្រូវ  មានចិត្តសន្តោសចេះសុំខមាទោស  ចេះឱ្យអភ័យមានអធ្យាស្រ័យយោគយល់  ជាចិត្តមិនមានរោគ  មិនមានទោស  ជាចិត្តឆ្លាត  ពោរពេញដោយកុសលមានផលជាសុខ  ចិត្ដដែលមាននូវសេចក្តីសន្តោសចេះអនុគ្រោះអ្នកដទៃ  មិនប្រណាំងវាសនា  តម្កល់ជីវិតក្នុង  គុណធម៌  និងមានសទ្ធាប្រារព្ធសេចក្តីព្យាយាម  ៕៚https://5000-years.org/kh/play/9299/5

    ( ជំនួយសតិ  ភាគទី  ៦  ទំព័រ ៥៩ - ៧១ )

Home