កាលបើនិយាយដល់គោលគំនិតរបស់ពុទ្ធសាសនា ដែលបង្រៀនអោយមនុស្សយកចិត្ដទុកដាក់ ធ្វើខ្លួនអោយមានវឌ្ឍភាពក្នុងផ្លូវសេដ្ឋកិច្ចជាន់ទាប, ដែលជាបុព្វហេតុសំរាប់ធ្វើអោយងាយស្រួលដល់ការប្រតិបត្ដិតាមសីលធម៌ ក៏គួរនិយាយដល់គំនោលសេដ្ឋកិច្ចជាន់ខ្ពស់ ដែលលោកអោយឈ្មោះមួយបែបទៀ តថា កំពស់ចិត្ដក្នុងទីនេះផងព្រោះពុទ្ធសាសនា មិនមែនមានបំណងត្រឹមតែដឹកនាំជីវិតមនុស្សអោយរស់ នៅប្រកបដោយវឌ្ឍភាពក្នុងលោកនេះ និងលោកដទៃទៀតប៉ុណ្ណឹងទេ, គឺត្រូវការអោយមនុស្សធ្វើជាម្ចាស់នៃតណ្ហាតទៅទៀត។ ក្នុងន័យថា, ដំបូងមនុស្សត្រូវខំប្រឹងធ្វើការសេដ្ឋកិច្ចគ្រប់យ៉ាង អោយមានវឌ្ឍនភាពនៅក្នុងកំរិតមធ្យម រហូតដល់កំរិតខ្ពស់ ដើម្បីផ្ដល់សេចក្ដីសុខស្រួលដល់ជីវិតរបស់ខ្លួន។ តែវឌ្ឍនភាព នៃជីវិតខាងសម្ភារៈ វាមិនមែនជាធាតុមានកំពស់ដល់ថ្នាក់ទីបំផុតទេ ព្រោះអ្វី? ព្រោះចិត្ដរបស់មនុស្សយើង វាជាធាតុមួយដែលគេមិនអាចបំបាត់ រឺបំពេញសេចក្ដីត្រូវការរបស់វាបានទេ។ គឺវាចេះតែចង់កើត ចង់បាន ចង់មានគ្មានចប់ គ្មានអស់ហើយឡើយ តួយ៉ាងដំបូងវាចង់បានតែនាឡិកា យើងរកនាឡិកាអោយបាន ឈ្មោះថាយើងបានបំបាត់ចំណង់ ឬសេចក្ដីត្រូវការរបស់វាបានមួយហើយ។ តែកង្វះរបស់វានៅមានទៅទៀត បើមិននាឡិកាដដែលក៏អ្វីផ្សេងៗ ដទៃៗទៀត គ្មានចេះគ្រប់គ្រាន់ឡើយ។ តើមានបុគ្គលណាម្នាក់ អាចបំពេញកង្វះនេះបានទេ? ចំលើយគ្មាន! នេះហើយដែលព្រះសម្មាសម្ពុទ្ធបាន មានព្រះពំនោលថា សត្វលោកមានកង្វះជានិច្ច, មានមិនឆ្អែតមិនស្កប់ស្កល់ជាប្រក្រតី ជាមួយគ្នានេះ សត្វលោកជាទាសៈនៃកង្វះ នៃចំណង់នៃសេចក្ដីត្រូវការរបស់ខ្លួន ឧនោ លោភោ អតិតោ តណ្ហា ទាសោ ។ ពុទ្ធសាសនិកម្នាក់ៗត្រូវតែដឹងថា របស់ណាខ្លះដែលចាំបាច់ត្រូវមាន របស់ណាខ្លះដែលមិនចំាបាច់ត្រូវមាន និងរបស់ណាខ្លះទៀតដែលមាន ហើយវាមានពលានុភាពដុតចិត្ដវិញ្ញាណយើងអោយក្ដៅក្រហាយរោលរាលប្រាសចាកសេចក្ដីសុខស្ងប់ប្រាសចាកគំនិតសន្ដិ។
ប្រសិនបើយើង នាំគ្នាពិនិត្យមើលកម្មវិធីបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធក្នុងចំណុចនេះ យើងនឹងមានក្ដីអស្ចារ្យ ស្ងើចក្នុងចិត្ដចំពោះចំណាត់មួយអន្លើ និងបញ្ហាសេដ្ឋកិច្ចជាន់ខ្ពស់ ដែលព្រះអង្គបានធ្វើប្រកបដោយ សេចក្ដីឆ្លៀវឆ្លាតញឹកល្អិត សឹងគ្មានបុគ្គលណាមានសមត្ថភាពធ្វើតាមបាន។ ការប្រតិស្ឋានពុទ្ធសាសនាទុកក្នុងលោក ជាទង្វើធំក្រៃលែងបើប្រៀបធៀបទៅនឹងចំណាត់ផ្សេងៗ ក្នុងលោក យើងអាចឃើញថា រហូតមកដល់ពេលនេះ ពុទ្ធសាសនាមានអាយុជាង ២៥០០ឆ្នាំហើយ គង់ស្ថិតនៅក្នុងភាពមាំមួន មានរបៀបបែបផែននៅក្នុងក្របខ័ណ្ឌ និងរឹងប៉ឹងដដែល។ ចំណែកអង្គាការទូទៅនៃពិភពលោក គេគ្មានឃើញអង្គការណាមួយ ស្ថិតនៅក្នុងភាពមាំមួនរឹងប៉ឹងដដែល ដោយគ្មានកំណែគ្មានចំណាត់ជាថ្មីឡើយ។
វិធានការខាងផ្លូវលោកមួយណាក៏ដូចមួយណាដែរ, សុទ្ធតែចោទឡើងដោយបញ្ហាលុយកាក់ដូចៗគ្នា។ ចំណោទនេះវាបានក្លាយទៅជាផ្នត់គំនិត លុះត្រាមនុស្សខ្លះលាន់មាត់ថា បញ្ហាធំបំផុតនៃជីវិតមនុស្សគឺ លុយកាក់។ បញ្ហាសំខាន់ៗ ក្នុងមុខការធំៗ ត្រូវអាស្រ័យពឹងផ្អែកលើលុយកាក់ទាំងអស់, គ្មានលុយកាក់ធ្វើអ្វីមិនចេញទេ។ ប្រសិនបើចែកអង្គការជា៣ គេនឹងឃើញថា ក្នុងអង្គការមួយៗ គ្មានចំណុចណាដែលគ្មាន ទាក់ទងដល់លុយកាក់ឡើយ គឺ១លុយ ២លុយ ៣លុយ អីចឹងតែម្ដង។
ព្រះសម្មាសម្ពុទ្ធរបស់យើង ព្រះអង្គឃើញថា គំរោងការរបស់មនុស្សលោកត្រូវការយកប្រាក់ជាសរណៈ ជាទីពឹង ជាធាតុចាំបាច់របស់គេ ដូចនេះហើយទើបព្រះអង្គចាត់វិធានការ សេដ្ឋកិច្ចជាន់ខ្ពស់របស់ព្រះអង្គ ផ្ទុយពីគេវិញម្ដង គឺក្នុងន័យនេះហើយ ដែលអ្នកស្រាវជ្រាវជាទូទៅ មានគំហើញស្របគ្នាថា វិធានការរឺគំរោងសេដ្ឋកិច្ចរបស់ពុទ្ធសាសនាថ្នាក់ទាប និងថ្នាក់កណ្ដាលមានលក្ខណៈត្រូវគ្នានឹងគំរោងការសេដ្ឋកិច្ចរបស់អ្នកសេដ្ឋសាស្រ្ដក្នុងពិភពលោក។ តែគំរោងការសេដ្ឋកិច្ចរបស់ពុទ្ធសាសនាមានលក្ខណៈ និងកំរិតគុណភាពខ្ពស់ជាងសេដ្ឋកិច្ចនៃអ្នកសេដ្ឋសាស្រ្ដទូទៅ ព្រោះអ្វី? ព្រោះព្រះពុទ្ធសាសនាគ្មានប្រាក់ដូចគេ, ហើយអ្នកអនុវត្ដនៅតែមានជីវិតប្រព្រឹត្ដទៅបានដដែល។
ក្នុងវិន័យ ព្រះសម្ពុទ្ធបានបញ្ញាត្ដសិក្ខាបទហាមភិក្ខុចាប់កាន់រឺទទួលប្រាក់ ជាមួយគ្នានេះដែរ តំរូវអោយមានអាបត្ដិដល់ភិក្ខុដែលបានប្រព្រឹត្ដល្មើស នេះជាទង្វើមួយដែលព្រះពុទ្ធសាសនាបានបង្ហាញអោយពិភពលោកឃើញថា មិនប្រើមាសប្រាក់ក៏អាចធ្វើការធំៗ បានសំរេចផលពិតៗ ដូចអ្នកប្រើប្រាក់ដែរ។
គំនោលការដែលហៅថាសេដ្ឋកិច្ចជាន់ខ្ពស់ រឺជាន់លើបំផុតរបស់សម្មាសម្ពុទ្ធ គឺខំប្រឹងធ្វើខ្លួនអោយជាម្ចា ស់នៃតណ្ហា រឺរស់នៅលើតណ្ហា នៅក្នុងគំនិតសិក្សាជាធាតុអ្វីខ្លះ មានប៉ុន្មាន ដែលហួសសេចក្ដីត្រូវការរបស់ជីវិត អ្វីខ្លះ មានប៉ុន្មាន ដែលធ្វើអោយជីវិតហ៊ឹកហាក់ហ៊ីហា លុះក្លាយខ្លួនជាទាសភាពនៃតណ្ហា។
ព្រះបរមគ្រូយើង បានអនុញ្ញាតរបស់ចាំបាច់សំរាប់ភិក្ខុរស់មាន៤ ប្រការដែលយើងស្គាល់គ្រប់គ្នាជាបច្ច័ យបួន ដែលត្រូវនឹងពាក្យអង់គ្គេសថា Four requisites គឺសំពត់ស្លៀកដណ្ដប់ (ចីវរ) អាហារចិញ្ចឹមជីវិត (បិណ្ឌបាត) ទីស្នាក់អាស្រ័យ (សេនាសនៈ) និងអោសថ សំរាប់ព្យាបាលជំងឺ (គិលានភេសជ្ជៈ)។ គ្រឿងសំរាប់រស់ទាំងបួនប្រការនេះ ព្រះអង្គបញ្ជាអោយភិក្ខុជាឧបជ្ឈាយ៍ រឺឧបសម្បទាចារ្យសូត្រប្រកាស ប្រាប់ភិក្ខុដែលទើបនឹងបួសថ្មីអោយបានដឹងភ្លាមៗ ដើម្បីខំរស់ ខំអនុវត្ដសេដ្ឋកិច្ចនេះតាមពុទ្ធានុញ្ញាត។ ភិក្ខុគ្មានសំពត់ល្អប្រើ អនុញ្ញាតអោយរើសកំណាត់សំពត់ដែលគេចោល ទីនេះបន្ដិចទីនោះបន្ដិចយកមក ប៉ះប៉ុនដេរភ្ជាប់ជាចីវរសំរាប់ប្រើប្រាស់ គ្មានអាហារបរិភោគ អោយអាស្រ័យអាហារ បិណ្ឌបាតតាមតែគេអោយ តិចក្ដីច្រើនក្ដីឆ្ងាញ់ក្ដីមិនឆ្ងាញ់ក្ដីទៅតាមរឿង គ្មានលំនៅឋានល្អនៅ អោយយកដើមឈើជាទីលំនៅអាស្រ័យ គ្មានឱសថប្រកបដោយគុណភាពជំងឺ អោយត្រងទឹកមូត្រអោយស្អាតប្រើជំនួស លុះត្រាតែកើត។
ក្រៅពីនេះទៀត នៅមានបញ្ញាត្ដិជាច្រើនប្រការដែលអ្នកអាចគួរដឹងជាមួយគ្នានេះដែរ ដូចជាហាមមិនអោយប្រើគ្រឿងប្រដាប់ ដែលគេធ្វើដោយមាសប្រាក់ រឺអ្វីទៅទៀតដែលមានភាពប្រហាក់ប្រហែលនឹង មាសប្រាក់ រឺរបស់ដែលមានតំលៃខ្ពស់ជាងមាសប្រាក់ ហើយជារបស់តុបតែងខ្លួនប្រាណ ហាមមិនអោយសុំរបស់ពីជនណា ដែលគេគ្មានបានបវារណា រឺអនុញ្ញាតទុកជាមុន បើគ្មានការចាំបាច់ជាពិសេស ហាមមិនអោយប្រមូលសន្សំរបស់ស្ដុកទុក ដើម្បីអួតមានអួតសម្បូណ៍ តឹងរឹងជាងនេះទៅទៀត អាហារសំណល់ ហាមមិនអោយទុកដាក់ដើម្បីបរិភោគម្ដងជាពីរដង រឺច្រើនជាងនេះក្នុងថ្ងៃខាងមុខ។ គោលការធំៗដែល ព្រះសម្មាសម្ពុទ្ធបានចាត់ បានធ្វើសេចក្ដីបំភ្លឺមានដូចនេ៖
១ - ចំណង់អិតព្រំដែន ជាហេតុនាំអោយកើតទុក្ខ រលត់ចំណង់គ្មានព្រំដែនបាន ដោយគ្មានសេសសល់សេចក្ដីទុក្ខព្រួយត្រូវរលត់ភ្លាមគ្មានចាំបាច់សុំសេចក្ដីប្រោសប្រាណ អំពីព្រះអាទិទេពណាឡើយ។
២ - ភិក្ខុទាំងឡាយណា ពុំបានធ្លាក់ខ្លួនជាទាសភាពរបស់តណ្ហាដែលជាហេតុមានកម្លាំងប្រអូសប្រទាញតាមច្បាប់ធម្មជាតិ ភិក្ខុទាំងឡាយនោះឈ្មោះថាមានវឌ្ឍនភាពខាងផ្លូវចិត្ដ ដែលជាគុណធម៌មានតំលៃកម្រនឹងមានដល់មនុស្សជាតិក្នុងសកលលោក។
គំនោលរបស់ខ្ញុំក្នុងខាងដើមថា គំនោលសេដ្នកិច្ចគឺការស្នង សេចក្ដីត្រូវការរបស់មនុស្ស តែគំនោលសេ ដ្ឋកិច្ចជាន់ខ្ពស់របស់ពុទ្ធសាសនា មិនមែនការស្នងសេចក្ដីត្រូវការទេ គឺការបញ្ឈប់នូវសេចក្ដីត្រូវការដែ លមិនចាំបាច់។ ទន្ទឹមគ្នានេះ ខំប្រឹងធ្វើខ្លួនអោយបានជាចៅហ្វាយលើសេចក្ដីត្រូវការនោះ លុះត្រាតែបានបើមិនបានកុំឈប់ កុំថយក្រោយអោយសោះ ប្រសិនបើចង់កំទេចសេក្ដីទុក្ខអោយអស់ ព្រោះគ្មានទង្វើណាដទៃទៀតក្រៅអំពីទង្វើនេះទេ ក្នុងរឿងរំលត់រំលាយទុក្ខដែលយើងកំពុងជួបប្រទះក្នុងជីវិតសព្វថ្ងៃ នេះ។ នេះ ជាសេដ្ឋកិច្ចជាន់ខ្ពស់ រឺជាន់លើសំរាប់ភិក្ខុ រឺគ្រហស្ថដែលមានកំពស់ចិត្ដខ្លាំងក្លា មានកំរិតអរិយ សច្ចៈ ដែលពុទ្ធសាសនារបស់យើងអោយឈ្មោះថា «បរមត្ថប្រយោជន៍» ប្រសិនបើ និយាយពីសេដ្ឋកិច្ចនៃពុទ្ធសាសនា តាមលំដាប់លេខរឿងនឹងមានដូចនេះគឺ៖
- ១ - ទដ្ឋធម្មិកត្ថប្រយោជន៍ សេដ្ឋកិច្ចសំរាប់ជីវិតបច្ចុប្បន្ន
- ២ - សម្បរាយិកត្ថប្រយោជន៍ សេដ្ឋកិច្ចសំរាប់ជីវិតថ្មី
- ៣ - បរមត្ថប្រយោជន៍ សេដ្ឋកិច្ចសំរាប់បាននិព្វាន្ដ
អ្នកអានគប្បីដឹងថា សេដ្ឋកិច្ចទាំងបីប្រភេទនេះ បើស្ដីអំពីលំដាប់ដែលគេត្រូវធ្វើ ត្រូវប្រកបណាមុនណា បន្ទាប់ណាក្រោយ ធាតុនេះមានខ្ទង់លេខដូចសរសេរមកហើយនេះ តែបើស្ដីអំពីគុណភាព ពុទ្ធសាសនា យើងពុំបានទុកដាក់អោយមានកំពស់ ទំនាបជាងគ្នាទេ ពំនោលថា ទិដ្ឋធម្មិកត្ថប្រយោជន៍ទាប សម្បរាយិកត្ថប្រយោជន៍កណ្ដាល បរមត្ថប្រយោជន៍ខ្ពស់នោះ វាមានលក្ខណត្រឹមតែស្រួលបង្រៀន ស្រួលពន្យល់ ស្រួលទេសន៍ប៉ុណ្ណោះ ដោយអាស្រ័យគំនិតនិងសំនេរក្នុងខាងដើមរបស់ខ្ញុំក៏បានដាក់ថា បច្ចុប្បន្នទាប បរលោកថ្នាក់កណ្ដាល និង និព្វាន្ដថ្នាក់ខ្ពស់អីចឹងដែរ រីឯសេចក្ដីពិតរបស់រឿងនេះវិញ គឺជីវិតបច្ចុប្បន្នក៏ជា ធាតុមានថ្នាក់ទាបកណ្ដាលខ្ពស់ និព្វាន្ដក៏មានថ្នាក់ទាបកណ្ដាលខ្ពស់ដូចៗគ្នា ក្នុងបច្ចុប្បន្នសេដ្ឋកិច្ចទាប ជីវភាពមនុស្សទាប សេដ្ឋកិច្ចមធ្យម ជីវភាពមនុស្សកណ្ដាល សេដ្ឋកិច្ចខ្ពស់ ជីវភាពមនុស្សខ្ពស់។ ចំណែកសេដ្ឋកិច្ចនិព្វាន្ដ សោត្ដាបន្នបុគ្គល និងសកទាគាមិបុគ្គលថ្នាក់ទាប អនាគមិបុគ្គលថ្នាក់កណ្ដាល អរហត្ដបុគ្គល ថ្នាក់ខ្ពស់។ បើយោលទៅតាមរឿងជាតកនៃ ព្រះពោធិសត្វ គឺព្រះពុទ្ធបរមគ្រូរបស់យើងកាលមិនទាន់បានត្រាស់ ព្រះអង្គខំប្រឹងតស៊ូយ៉ាងប្ដូរផ្ដាច់ប្រកបអាជីវកកម្មគ្រប់យ៉ាងនៅក្នុងក្របខ័ណ្ឌនៃសេដ្ឋកិច្ចរបស់គ្រួសារ និង សង្គមប្រជាជាតិគឺ ធ្វើអោយកំរិតជីវភាពទាំងបច្ចុប្បន្ន ទាំងបរលោកស្ថិតនៅក្នុងថ្នាក់ខ្ពស់បំផុត ដើម្បីជាស្ពានចំលងអាត្មានៃព្រះអង្គ អោយបានដល់សេដ្ឋកិច្ចចុងក្រោយបង្អស់ គឺនិព្វាន្ដនឹងឯង ដូចនេះ ព្រោះអ្វី? ព្រោះប្រយោជន៍បច្ចុប្បន្ន (អុដ្ឋានអរក្ខ កល្យាណមិត្ដតា សមជីវតា) ត្រូវបានជាស្ពាននៃប្រយោ ជន៍បរលោក (ទុក្ខ, សមុទយៈ, និរោធៈ, មគ្គ) កើតមានបានដោយអាស្រ័យស្ពាន គឺប្រយោជន៍បរលោក ជាបន្ដបន្ទាប់គ្នា ដូចនេះជីវិតនីមួយៗ ត្រូវធ្វើសេដ្ឋកិច្ច គឺខំប្រកបអាជីវកម្មរាល់ប្រភេទដើម្បីរស់នៅខ្ពង់ខ្ពស់ក្នុងលោកនេះផង ខំធ្វើបុណ្យទានដើម្បីរស់នៅថ្លៃថ្នូរក្នុងលោកខាងមុខផង ខំចំរើនអរិយសច្ចៈធម៌ ដើម្បីសំរេចមគ្គផលនិព្វាន្ដក្នុងជីវិតចុងក្រោយបង្អស់ផង។
ដើម្បីអោយពុទ្ធសាសនិក បានស្គាស់សេដ្ឋកិច្ច មានគុណភាពខ្ពង់ខ្ពស់បណ្ដើរៗនៅក្នុងក្របខ័ណ្ឌមួយថ្មីទៀត ព្រះពុទ្ធសាសនាបានស្នើអរិយទ្រព្យ៧ប្រការដែលគេធ្លាប់ស្គាល់គ្រប់គ្នាមកហើយថា ទ្រព្យនេះមានតំ លៃខ្ពស់ជាងទ្រព្យធម្មតាដែលមនុស្សយើងធ្លាប់មាន ធ្លាប់បានប្រើប្រាស់មកហើយ មានដូចនេះគឺ។
- ១ - សទ្ធា : ជឿនូវរបស់ដែលគួរជឿ ជឿបុណ្យគុណទោសជាដើម
- ២ - សីល : កិរិយារក្សាកាយវាយចាចិត្ដអោយរៀបរយ សុចរិត
- ៣ - ហិរិ : ខ្មាសអៀនចំពោះទង្វើបាប ទុចរិត
- ៤ - អោតប្ប : ស្លុតខ្លាចចំពោះទង្វើបាប ទុចរិត
- ៥ - ពាហុសច្ចៈ : ភាពជាបុគ្គលមានការរៀនសូត្រច្រើន ពហូសូត្របុគ្គល
- ៦ - ចាគ : បរិចាគទានទៅតាមការគួរ
- ៧ - បញ្ញា : ចេះយល់ដឹងថា ប្រយោជន៍ មិនប្រយោជន៍ជាដើម
ពុទ្ធសាសនាមានយោបល់ថា បើជានណាមានទ្រព្យខាងក្នុង រឺទ្រព្យប្រសើរហៅ «អរិយទ្រព្យ» នេះហើយ ទ្រព្យសម្បត្ដិខាងក្រៅនឹងកើតមានដល់គេដាយស្វ័យប្រវត្ដិ ក្នុងពេលណាមួយមិនខានឡើយ។ ផ្ទុយទៅ វិញជនដែលមានទ្រព្យសម្បត្ដិខាងក្រៅ តែខ្លួនពុំបានរស់នៅក្នុងសីលធម៌ រឺគ្មានអរិយទ្រព្យខាងក្នុង៧ ប្រការជួយគាំទ្រផងទេ លោកថាទ្រព្យសម្បត្ដិខាងក្រៅនោះ មុខជាពុំអាចស្ថិតស្ថេរមានយូរ រឺបានរហូតតាម ចំណង់របស់ខ្លួនឡើយ។